Contact me

Contact  me
 

Sunday

ជម្ងឺផ្តាសាយបក្សីបានសម្លាប់ក្មេងប្រុសជនជាតិឥណ្ឌូនេស៊ីម្នាក់

0 comments
ជម្ងឺផ្តាសាយបក្សីបានផ្ទុះឡើងសារជាថ្មីម្តងទៀតហើយនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីដែលបានសម្លាប់ក្មេងប្រុសម្នាក់ដែលមានអាយុ១២ឆ្នាំ ដែលក្មេងប្រុសនោះជាជនរងគ្រោះទីបួនហើយដែលបានស្លាប់ក្នុងឆ្នាំនេះ។នេះបើយោងតាមការលើកឡើង របស់មន្ត្រីប្រចាំតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោកស្រី Rita Kusriastuti រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូនេស៊ីទទួលបន្ទុកផ្នែកគ្រប់គ្រងការឆ្លងរីករាលដាល នៃមេរោគសត្វ បា្រប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹង ថា ក្មេងប្រុស ដែលជាជនរងគ្រោះបានចាប់ផ្តើមឈឺ និងចេញពីជារោគសញ្ញា តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ មកម្ល៉េះ ហើយក្នុងរយៈពេលប្រាំថ្ងៃក្រោយមក ទើបជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យ ។
រដ្ឋមន្ត្រីរូបនេះបានបន្តថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ ហើយក្រោយ ពីការស្លាប់ តាមការត្រួតពិនិត្យបានបង្ហាញឲ្យដឹងថា ជនរងគ្រោះត្រូវស្លាប់ដោយសារមេរោគផ្តាសាយ បក្សី ដែលហៅកាត់ថា H5N1។
មនុស្សជាច្រើនបានបង្ហាញក្តីបារម្ភពីបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺផ្តាយសាយបក្សី ដែលកំពុងមាន ការកើនឡើងនៅតំបន់អាស៊ី សាជាថ្មី បន្ទាប់ពីមានសេចក្តីរាយការណ៍មួយចេញផ្សាយដោយប្រទេស ចិន ដែលបានបង្ហាញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះជាលើកដំបូង ចាប់តាំងពីវាបាន ស្ងប់ស្ងាត់អស់រយៈពេល១៨ខែ មកហើយនោះ។
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដទៃទៀតនៅអាស៊ីដែលបានរងការវាយ ប្រហារដោយសារមេរោគផ្តាសាយបក្សីធ្ងន់ធ្ងរជាងគេ ដោយប្រទេសនេះ មានមនុស្សស្លាប់ ដោយសារ មេរោគផ្តាសាយបក្សី រហូតដល់១៥០នាក់ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១១ នេះបើយោង តាមតួលេខ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលបានបង្ហាញតួលេខក្នុងគេហទំព័ររបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ បច្ចុប្បន្ននេះ មានមនុស្ស១៥៤នាក់ហើយ ដែលបានស្លាប់ដោយមេរោគផ្តាសាយបក្សី ក្នុងប្រទេស ឥណ្ឌូនេស៊ី។ ការពិតទៅប្រភេទនៃមេរោគនេះ ត្រូវឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែអ្នកជំនាញបានបង្ហាញក្តី បារម្ភថា មេរោគនេះ អាចនឹងវិវត្តទៅក្នុងទម្រង់មួយ ដែលងាយស្រួលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀត ដែលអាចធ្វើឲ្យមានមនុស្សស្លាប់រហូតជាច្រើនលាននាក់ទូទាំងពិភពលោក៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១