គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបេចំ ធ្វើសន្និសីទ្ធកីឡាជាតិមួយកាលពីថ្ងៃទី១៤ កុម្ភៈ នៅសណ្ឋាគារណាហា្គវើល ។ លោកវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា នេះជាលើកទី១ហើយដែលសន្និសិទ្ធកីឡាជាតិនេះត្រូវបានរៀបចំឡើងសំរាប់ជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកីឡារយៈពេល៥ឆ្នាំ ពីឆ្នាំ២០១២ដល់២០១៧ហើយក៏ជាការធ្វើឡើងដើម្បីស្វែងយល់បរិបទនយោបាយកីឡាជាតិ និងអន្ដរជាតិ ក៏ដូចជាពង្រឹងប្រសិទ្ធភាពការងារសហព័ន្ធកីឡាជាតិ លើកកម្ពស់ប្រសិទ្ធភាព គុណភាពកីឡាកម្រិតខ្ពស់ និងស្វែងរកយន្ដការសម្របសម្រួលដៃគូពាក់ព័ន្ធបន្ថែមទៀត ។
ហើយលោកបានបន្តថាសន្និសិទ្ធកីឡាជាតិនេះត្រូវបានរៀបចំឡើង រយៈពេលមួយឆ្នាំម្ដងព្រោះវាមានសារសំខាន់ខ្លាំងណាស់ចំពោះ ភាពរីកចម្រើនលើវិស័យកីឡា ហើយក៏ចង់បង្ហាញឱ្យឃើញថា តើមានស្ថាប័នណាខ្លះដែលបានចូលរួមធ្វើជាដៃគូជាមួយកីឡា ។ ក្នុងទិសដៅពង្រឹងនិងពង្រីកគ្រប់សហព័ន្ធកីឡាជាតិឱ្យមានការរីកចម្រើន ខ្លាំងឡើងថែមទៀតនោះទើបមានការអញ្ជើញវាគ្មិនគ្រប់ស្ថាប័នពាក់ព័ន្ធ និងតំណាងសហព័ន្ធកីឡាជាតិ ឡើងធ្វើបទបង្ហាញម្ដងម្នាក់ដោយកំណត់រយៈពេល១៥នាទី ប៉ុណ្ណោះ ។
លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីផលប្រយោជន៍នៅក្នុងវិស័យកីឡាថា នៅលើពិភពលោកសព្វថ្ងៃនេះដូចជាប្រទេសអង់គ្លេស ជាដើម គេអាចស្រូបយកចំណូលពីការលក់សំបុត្រចូលទស្សនាការ ប្រកួតបាល់ទាត់និងបានបង់ព័ន្ធចូលរដ្ឋ១ឆ្នាំមិនតិចជាង៥០០ដុល្លារ សហរដ្ឋអាមេរិកឡើយ ។ថ្វីដ្បិតតែប្រទេសយើងមិនអាចធ្វើបានដូចគេមែន តែទិសដៅរបស់យើងគឺធ្វើឡើងជាជំហានៗ រួមគ្នាអភិវឌ្ឍន៍មានក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាទាំងអស់ហើយថ្ងៃអនាគតវាពិតជាមានការរីកចម្រើនមិនខានឡើយ ។ ក្នុងនោះលោកក៏បានលើកឡើងពីវិស័យទេសចរណ៍មានទំនាក់ទំនង ជាដៃគូយ៉ាងសំខាន់ជាមួយកីឡា ដោយវិស័យទាំងពីអាចរកចំណូលជូនជាតិបានច្រើន ។ តំបន់ដែលមានអេកូទេសចរណ៍សំខាន់ៗច្រើនមានដូចជាឆ្នេរសមុទ្រ និងតំបន់អង្គរ បើសិនជាយើងសាងទីលានកីឡានៅទីនោះគឺពិតជាល្អខ្លាំងណាស់ព្រោះថា យើងអាចស្រូបយកចំណូលពីភ្ញៀវទេសចរតាមរយៈការលេងកីឡាបានមួយផ្នែកទៀតមិនខាន។
No comments:
Post a Comment