កាលពីថ្ងៃទី១១ ខែមិនាឆ្នាំ២០១១ ការរញ្ជួយដីដ៏ខ្លាំង មួយមានកម្លាំងដល់៩រីស្ទ័រដែលបានកើតឡើងនៅភាគឦសានជប៉ុន ហើយបន្ទាប់មកបង្កឱ្យមានស៊ូណាមីយ៉ាងធំបំផ្លិចបំផ្លាញបំផុត ដែលកម្ទេចរាល់អ្វីៗទាំងអស់នៅរាំងពីមុខវា រួចទន្ទឹមនឹងនេះ បង្កឱ្យមានវិបត្តិនុយក្លេអ៊ែរយ៉ាងអាក្រក់ បំផុតពុំធ្លាប់មានចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL (កាលពីឆ្នាំ១៩៨៦មក) ។
គ្រោះមហន្តរាយធ្ងន់ធ្ងរទាំង៣នេះ គឺការរញ្ជួយដីផង ស៊ូណាមីផង និងមហន្តរាយនុយក្លេអ៊ែរផង បណ្តាលឱ្យមនុស្សស្លាប់ដល់១៦.០០០នាក់ បាត់ខ្លួន៣.៣០០នាក់ ហើយបន្សល់ទុកទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ គួរឱ្យរន្ធត់បំផុត ។ ប្រជាជនជប៉ុនជាច្រើនពាន់នាក់បាត់បង់ទីជម្រក មានការបំពុលវិទ្យុសកម្មដល់ខ្យល់អាកាស ទឹក និងស្បៀងអាហារ ។ មួយឆ្នាំក្រោយ គ្រោះមហន្តរាយយ៉ាងអាក្រក់បំផុតនេះ ទោះបីជាមានការរីកចម្រើននានាក៏ដោយ តែប្រតិបត្តិការបោសសម្អាតតំបន់ជុំវិញ មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅមិនទាន់បញ្ចប់នៅឡើយ ហើយមនុស្ស៣២៦.០០០នាក់នៅតែពុំទាន់មានជម្រក ។
ប្រធានកាកបាទក្រហមជប៉ុនលោកតាដាតឺរូ កូណូអឺ ថ្លែងប្រាប់រ៉យទ័រកាលពីថ្ងៃទី៧ មីនា កន្លងមកនេះថា រដ្ឋាភិបាលកណ្តាលបានស្នើផែនការផ្សេងៗក៏ប៉ុន្តែត្រូវជួបការប្រឆាំង ជំទាស់នានា ពីសំណាក់រដ្ឋអំណាចមូលដ្ឋាន និងបណ្តាមនុស្សដែលរងការប៉ះពាល់ដោយផ្ទាល់ពីការរញ្ជួយដីនិងស៊ូណាមី នេះ ។ លោកបន្តថា បើគ្មានការព្រមព្រៀងគ្នា លើផែនការសាកលមួយទេនោះការស្តារឡើងវិញ និងការកសាងឡើងវិញ ពិតជាមានការលំបាកបំផុត ៕
No comments:
Post a Comment